ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តតាកែវ នៅព្រឹកថ្ងៃច័ន្ទ១៣រោចខែ បុស្ស ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែ មករា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបូកសរុបលទ្ធផលការងារ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តតាកែវ ប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២០ និងលោកទិសដៅអនុវត្តបន្ត ឆ្នាំ២០២១នេះ ដែលកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយ លោក ខាន់ សុខា អភិបាលរងខេត្ត លោក ណុប នីប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក ទាំង ១០ លោកអធិការនគរបាលក្រុង ស្រុកទាំង ១០ និងមន្រ្តីរាជការពាក់ព័ន្ធជាច្រើនរូប។
មានប្រសាសន៍នាសឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ និងការកោតសរសើរកងកម្លាំងសមត្ថកិច្ច ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយជោគជ័យកន្លងមក និងបានជំរុញលើកទឹកចិត្តឲ្យក្រុមការងារខិតខំប្រឹងប្រែងការងារបន្តទៀត ដើម្បីឲ្យខេត្តតាកែវ ក៏ដូចជាប្រទេសកម្ពុជាកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍។
លើសពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធ ក្នុងពេលត្រួតពិនិត្យយានយន្តដឹកជញ្ជូនតាមដងផ្លូវ ត្រូវបង្កើនការត្រួតពិនិត្យ វិញ្ញាបនបត្រ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត បណ្ណបើកបរ បណ្ណសម្គាល់យានយន្ត ការផាកពិន័យរថយន្តដឹកលើសទម្ងន់ រថយន្តដឹកសំពីងសំពោង ត្រួតពិនិត្យគ្រឿងញៀន ឬជាតិអកុល។ល។ ដើម្បីធានាសុវត្ថិភាព ក៏ដូចជាបង្ការបញ្ហាគ្រោះថ្នាក់ចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះ ឯកឧត្តម អ៊ូច ភា ក៏បានជំរុញដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវអនុវត្ត នីតិវិធីបិទយានដ្ឋានកែច្នៃ ខុសលក្ខណៈបច្ចេកទេស ដែលជាប្រភពនៃការកែច្នៃយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នាំឲ្យខូចខាតផ្លូវថ្នល់ ស្ពាន និងបង្កគ្រោះថ្នាក់ចរាចរណ៍ និងបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋនៅតាមសាលារៀន ទីប្រជុំជន ឲ្យពួកគាត់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព ជិះរថយន្តត្រូវពាក់ខ្សែរក្រវ៉ាត់ ព្រមទាំងធ្វើការបិទចំណាំងផ្លាតសុវត្ថិភាព (ស្ទីគ័រចំណាំងផ្លាតពន្លឺពេលយប់) ដល់គោយន្ត ឬ រថយន្ត ម៉ូតូ ដើម្បីការពារអាយុជីវិតអ្នកបើកបរពេលយប់ពីគ្រោះថ្នាក់ចរាចរ ដែលអាចកើតឡើងជាយថាហេតុ៕