នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែបុស្សឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក លោកស្រី អភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញជួបសំណេះ សំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ទើបត្រលប់មកពីប្រទេសថៃ និងនិស្សិតមកពីប្រទេសវៀតណាម ដែលកំពុងធ្វើចត្តាឡីស័ក្ដនៅសណ្ឋាគារ សេវិនដេ អ៊ិន និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ មានចំនួន ១២៤នាក់។
មានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងប្អូនៗនិស្សិត ដែលបានចូលរួមសហការណ៍យ៉ាងល្អប្រសើរជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបានចូលរួមជាមួយក្រុមមន្រ្តីជំនាញសុខាភិបាល ក្នុងការយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីស្វែងរកវីរុសកូវីដ-១៩ និងបានចូលរួមធ្វើចត្តាឡីស័ក្ដ យ៉ាងខ្ជាប់ខ្ជួនស្ដាប់តាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មកពីក្រៅ ចូលមកដល់ក្នុសហគមន៍របស់យើង។
ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ប្រជាពលរដ្ឋ និងប្អូនៗនិស្សិតទាំងអស់ ដែលកំពុងធ្វើចត្តាឡីស័ក្ដទាំងអស់ ត្រូវឧស្សាហ៍លាងដៃជាមួយសាប៊ូរ ឬអាលកុល ជែល ឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន ជាពិសេសត្រូវពាក់ម៉ាស់ជាប្រចាំ និងរក្សាគម្លាតសង្គម៕