ទិដ្ឋភាពទូទៅ
ក្របខណ្ឌអភិវឌ្ឍន៍
ខេត្តតាកែវស្ថិតនៅប៉ែកនិរតី នៃព្រះរាជាណាចក្រកម្ពុជា ទីប្រជុំជនខេត្តស្ថិតក្នុងក្រុងដូនកែវមាន ចម្ងាយ ៧៧គីឡូម៉ែត្រតាមផ្លូវជាតិលេខ២ និង៨៧គីឡូម៉ែត្រតាមផ្លូវជាតិលេខ៣ ព្រមទាំង៧៥គីឡូម៉ែត្រ តាមផ្លូវដែកពីរាជធានីភ្នំពេញ។ ខេត្តមានព្រំប្រទល់ខាងជើង និងខាងកើតជាប់ខេត្តកណ្តាល ខាងលិចជាប់ ខេត្តកំពង់ស្ពឺ និងខេត្តកំពត ហើយខាងត្បូង និងខាងកើតជាប់នឹងប្រទេសវៀតណាម។
ខេត្តតាកែវ មាន៖
-ផ្ទៃដីសរុបចំនួន៣.៧៥៤,៤៣ គីឡូម៉ែត្រការ៉េ
-ក្រុង០១មាន សង្កាត់០៣ ស្រុក០៩ មានឃុំចំនួន៩៧ និងភូមិចំនួន១.១១៩
-ចំនួនគ្រួសារ ២២១.៧៣៦
– ប្រជាពលរដ្ឋសរុប ១.០២៦.២០១នាក់/ស្រ្តីចំនួន ៥២៧.៦៨៩នាក់
– ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង៦៥២.៤២៥នាក់ស្រី ៣៣៩.៨១៨នាក់
– កំណើនប្រជាពលរដ្ឋប្រចាំឆ្នាំ ១.១៦%
– ប្រជាពលរដ្ឋប្រកបរបរកសិកម្មចម្បងមាន ៦៩,៧%
-ផ្ទៃដីបង្ករបង្កើនផលស្រូវរដូវវស្សា ១៧៥ .០០០ហ.ត និងផ្ទៃដីស្រែប្រាំង ៧០.០០០ហ.ត។
– កម្ពស់ទឹកភ្លៀងជាមធ្យម១០០០ មម/១ឆ្នាំ
ចក្ខុវិស័យអភិវឌ្ឍន៍ ៖ ខេត្តតាកែវ ជាខេត្តដែលមានការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យប្រកបដោយសមធម៌ ប្រជាពលរដ្ឋមានជីវភាពរស់នៅក្នុងភាពថ្លៃថ្នូរ មានសុខុមាលភាពល្អ ទទួលបានកំណើនសេដ្ឋកិច្ចជាប្រចាំ តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត អរូបវន្ត ផលិតភាព និងពិពិធកម្មកសិកម្ម អនាម័យជនបទ សន្តិសុខសណ្តាប់ធ្នាប់ល្អ កាត់បន្ថយ គ្រោះថ្នាក់ដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងបរិស្ថានល្អប្រសើរ ។
គោលបំណងអភិវឌ្ឍន៍
– ផ្នែកសេដ្ឋកិច្ចៈ នៅឆ្នាំ២០១៩ ស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋនៅខេត្តតាកែវនឹងមានភាពប្រសើរឡើង តាមរយៈការធ្វើពិពិធកម្មកសិកម្ម ការបង្កើនផលិតភាព ធានាបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការប្រើប្រាស់ប្រកបដោយស្ថេរភាព នូវធនធានជលផល ការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម សិប្បកម្ម្ អគ្គិសនី ទេសចរណ៍ និងសេវាកម្មផ្សេងៗ ។
-ផ្នែកសង្គមកិច្ច សិស្សបញ្ចប់ការសិក្សាកំរិតអប់រំមូលដ្នានកើនឡើង។ ប្រជាពលរដ្ឋពេញវ័យមិនចេះអក្សរថយចុះ។ សុខុមាលភាពប្រជាពលរដ្ឋត្រូវបាន លើកកម្ពស់។ កិច្ចការពារ និងការចូលរួមរបស់ស្រ្តីត្រូវ បានលើកកម្ពស់។ អនាម័យសុខភាពរបស់ប្រជាពលរដ្ឋបានយកចិត្តទុកដាក់ (កាត់បន្ថយជំងឺផ្សេងៗ និងបង្កើនអនាម័យល្អ)។ ជីវភាពនៃក្រុមគោលដៅ(ជនងាយរងគ្រោះ ជនអនាថា កុមារកំព្រាអតីតយុទ្ធជន និងអតីតមន្ត្រីរាជការ) បានកើនឡើង។ ប្រជាពលរដ្ឋមានចំណូលកើនឡើង។ សីលធម៌ វប្បធម៌ និងតម្លៃសង្គមត្រូវបានលើកកម្ពស់។ ការយល់ដឹងពីតម្លៃសីលធម៌រស់នៅល្អក្នុងសង្គមបានបង្កើន។
-ការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ធនធានធម្មជាតិ បរិស្ថាន មានភាពប្រសើរជាងមុន ប្រកបដោយគុណភាព និងនិរន្តរភាព។ រីឯការគ្រប់គ្រងគ្រោះមហន្តរាយផ្សេងៗ និងការសំរបសំរួលនឹងការប្រែប្រួលអាកាសធាតុ មានការត្រៀមលក្ខណៈបង្ការ និងការដោះស្រាយបានសមស្របតាមស្ថានភាពជាក់ស្តែង។
-ការងារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងភាពសុខសាន្ដ និងមានសុវត្ថិភាពល្អ ផលប៉ះពាល់ពីចោរកម្ម ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង ការប្រើប្រាស់គ្រឿងញៀន គ្រោះថ្នាក់ចរាចរ អំពើហឹង្សាក្នុងគ្រួសារ និងការរំលោភច្បាប់នានា បានថយចុះក្នុងកំរិតទាបបំផុត និងទទួលបាន ការផ្តល់សេវាសាធារណៈនានាទាន់ពេលវេលា សំខាន់ការចុះបញ្ជីអត្រានុកូលដ្ឋាន សៀវភៅគ្រួសារ ការផ្តល់អត្ត សញ្ញាណប័ណ្ណពលរដ្ឋខ្មែរ ។
យុទ្ធសាស្ត្រអភិវឌ្ឍន៍
- ខេត្តយកចិត្តទុកក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈ ស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ ការផ្គត់ផ្គង់ថាមពល ជម្រុញនិងលើកកម្ពស់ការងារកសិកម្ម ការចិញ្ចឹមសត្វ ទេសចរណ៍ សេវាកម្ម លើកទឹកចិត្ត និងទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគនៅក្នុងខេត្ត។
- លើកកម្ពស់និងជម្រុញបន្ថែមការអប់រំ សេវាសុខាភិបាល លើកកម្ពស់ជីវភាពក្រុមគោលដៅនៃជនងាយរងគ្រោះតាមរយៈការគាំទ្រយ៉ាងសកម្មនិងទាន់ពេលវេលា និងពង្រឹងការប្រតិបត្តិ ការការពារ និងលើកកម្ពស់មត៌កវប្បធម៌ ប្រពៃណីខ្មែរ និងសាសនា។
- បង្កើនការយល់ដឹងអំពីច្បាប់ភូមិបាល ច្បាប់សាងសង់ ច្បាប់ព្រៃឈើ ច្បាប់ជលផល ច្បាប់បរិស្ថាន។ បង្កើនការបោះបង្គោលកំណត់ព្រំការចុះបញ្ជីដីរដ្ឋ ការចុះបញ្ជីដី(មានលក្ខណៈជាប្រព័ន្ធ និងដាច់ដោយដុំ) ការផ្តល់ប័ណ្ណកម្មសិទ្ឋិដីធ្លី និងការប្រើប្រាស់ដីស្របតាមបច្ចេកទេសកសិកម្ម។ កាត់បន្ថយការប្រើប្រាស់ថ្នាំពុល និងសារធាតុពុលនានាដែលប៉ះពាល់បរិស្ថាន និងបង្កើនការចិញ្ចឹមត្រីតាមគ្រួសារ។ ទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ សត្វព្រៃ បទល្មើសនេសាទ បទល្មើសធ្វើអាជីវកម្មទាញយកផលពីធនធានធម្មជាតិ។ ពង្រឹងការអនុវត្តច្បាប់ និង អធិការកិច្ចថ្នាំពុល ទប់ស្កាត់ការដុតសំណល់ជាតិពុល ដូចជាការដុតកំទេចក្រណាត់ កង់កៅស៊ូយានយន្ត និង សំណល់នានា នៅតាមរោងចក្រ និងសិប្បកម្មនានា ដែលនាំឲ្យបំពុលបរិយាកាស។ សិក្សាផលប៉ះពាល់ មុននឹងបង្កើត ឬមុននឹងទាញយកផលពីធនធានធម្មជាតិមកប្រើប្រាស់។ ពង្រឹងបណ្ដាញសហគមន៍ព្រៃឈើ និងដាំព្រៃ ឈើឡើងវិញ ព្រមទាំងកំណត់ទីតាំងធ្វើអាជីវកម្មធនធានធម្មជាតិឲ្យបានច្បាស់លាស់។ កំណត់ទីលានចាក់សំរាម កែច្នៃសំណល់ សាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកសម្អុយទីប្រជុំជន កសាងប្រព័ន្ឋបង្ហូរទឹកសម្អុយ ដើម្បីកាត់បន្ថយ ភាពកខ្វក់។បង្កើតសេវាប្រមូលសំរាមតាមទីប្រជុំជន (វិនិយោគឯកជន)។ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ពីគ្រោះមហន្តរាយ និងផលប៉ះពាល់ពីគ្រោះមហន្តរាយ។ ជួសជុល និងសាងសង់ប្រព័ន្ធរំដោះទឹក ទំនប់ស្ទាក់ទឹក ទំនប់ការពារទឹកជំនន់ និងដាំដើមឈើឡើងវិញ ។ បង្កើត និងពង្រឹងកិច្ចអន្តរាគមន៍ឆ្លើយតបគ្រោះមហន្តរាយ ទាំងមុនពេល ក្នុងពេល និងក្រោយពេលមានគ្រោះមហន្តរាយ។
- ពង្រឹងរចនាសម្ព័ន្ធរដ្ឋបាលឯកភាព ដែលបានរៀបចំរួចហើយ ដោយបណ្តុះបណ្តាលធនធានមនុស្សឲ្យឆ្លើយតបនឹងការបំពេញមុខងារក្នុងរចនាសម្ព័ន្ធថ្មីនេះ ។ វិធានការលុបបំបាត់បទល្មើសនានា តាមការអនុវត្តគោលនយាបាយភូមិឃុំមានសុវត្ថិភាព ដោយធ្វើការរឹតបន្តឹងការអនុវត្តច្បាប់នានាឲ្យបានហ្មឺងម៉ាត់បំផុត។ វិធានការគ្រប់គ្រងមនុស្សតាមរយៈការផ្តល់សេវាអត្រានុកូលដ្ឋានកំណើត អាពាហ៍ពិពាហ៍ មរណភាព ការផ្តល់អត្តសញ្ញាណ ប័ណ្ណពលរដ្ឋខ្មែរ ត្រូវបានយកចិត្តទុកជាប់ជាប្រចាំ។ ការលុបបំបាត់គ្រោះថ្នាក់ដោយគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរ។ ធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អជាមួយខេត្តអាងយ៉ាង ខេត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីសន្តិសុខ ស្ថេរភាព សុវត្ថិភាព មិត្តភាព រក្សាស្ថាន ភាពដដែល និងមានការអភិវឌ្ឍន៍តាមព្រំដែន សំខាន់ការកំណត់ខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនទៅតាម កិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលប្រទេសទាំងពីរ( កម្ពុជា វៀតណាម) ។