រដ្ឋបាលខេត្តតាកែវ

Takeo Administration
ស្វែងរក

ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត

ទិដ្ឋភាពទូទៅ

ក្របខណ្ឌអភិវឌ្ឍន៍

ខេត្តតាកែវ​ស្ថិតនៅប៉ែកនិរតី នៃព្រះរាជាណាចក្រកម្ពុជា​ ទីប្រជុំជន​ខេត្ត​ស្ថិត​ក្នុង​ក្រុង​ដូនកែវ​មាន ចម្ងាយ ​៧​៧គីឡូម៉ែត្រតាមផ្លូវជាតិ​លេខ២ និង៨៧គីឡូម៉ែត្រតាមផ្លូវជាតិលេខ៣ ព្រមទាំង​៧៥គីឡូម៉ែត្រ តាមផ្លូវដែកពី​រាជធានីភ្នំពេញ។ ខេត្តមានព្រំប្រទល់​ខាងជើង​ និងខាងកើតជាប់ខេត្តកណ្តាល ​ខាងលិច​ជាប់ ខេត្ត​កំពង់ស្ពឺ  និង​ខេត្តកំពត​  ហើយខាងត្បូង​ និងខាងកើត​ជាប់នឹងប្រទេសវៀតណាម។

ខេត្តតាកែវ មាន៖

-ផ្ទៃដី​សរុប​ចំនួន៣.៧៥៤,៤៣ គីឡូម៉ែត្រការ៉េ

-​ក្រុង​០១​មាន សង្កាត់​០៣ ស្រុក​០៩ មានឃុំចំនួន​៩៧ និងភូមិចំនួន​១.១១៩

-ចំនួនគ្រួសារ ២២១.៧៣៦

– ប្រជាពលរដ្ឋសរុប ១.០២៦.២០១នាក់/ស្រ្តីចំនួន ៥២៧.៦៨៩នាក់

– ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង៦៥២.៤២៥នាក់ស្រី ៣៣៩.៨១៨នាក់

– កំណើនប្រជាពលរដ្ឋប្រចាំឆ្នាំ ១.១៦%

– ប្រជាពលរដ្ឋប្រកបរបរកសិកម្មចម្បងមាន ៦៩,៧%

-ផ្ទៃដី​បង្ករបង្កើន​ផល​ស្រូវ​រដូវវស្សា​ ១៧៥ .០០០​ហ.ត ​​និង​ផ្ទៃ​ដី​ស្រែ​ប្រាំង​ ៧០.០០០​ហ.ត​។

– កម្ពស់ទឹកភ្លៀងជាមធ្យម​១០០០ មម/១ឆ្នាំ

ចក្ខុវិស័យអភិវឌ្ឍន៍ ៖ ខេត្តតាកែវ ជាខេត្តដែលមានការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យប្រកបដោយសមធម៌ ប្រជា​ពល​រដ្ឋមាន​ជីវភាព​រស់នៅក្នុងភាពថ្លៃថ្នូរ មាន​សុខុមាលភាពល្អ ទទួលបានកំណើនសេដ្ឋកិច្ចជាប្រចាំ តាមរយៈ​ការ​អភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធរូបវន្ត អរូបវន្ត ​ផលិតភាព​ និងពិពិធ​កម្ម​កសិកម្ម អនាម័យជនបទ​ សន្តិសុខសណ្តាប់ធ្នាប់ល្អ កាត់បន្ថយ គ្រោះថ្នាក់ដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងបរិស្ថានល្អប្រសើរ ។

គោលបំណងអភិវឌ្ឍន៍

– ផ្នែកសេដ្ឋកិច្ចៈ​ នៅឆ្នាំ២០១៩​ ស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋនៅ​​ខេត្តតាកែវ​នឹងមាន​ភាព​​ប្រសើរឡើង​ តាមរយៈការធ្វើពិពិធកម្មកសិកម្ម ការបង្កើនផលិតភាព ធានាបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការប្រើប្រាស់​​​​​​​​​​ប្រកបដោយ​ស្ថេរ​ភាព នូវ​ធនធាន​​ជល​ផល  ការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម សិប្បកម្ម្ អគ្គិសនី ទេសចរណ៍ និងសេវាកម្មផ្សេងៗ​​ ។

-ផ្នែកសង្គមកិច្ច សិស្សបញ្ចប់ការសិក្សាកំរិតអប់រំមូលដ្នាន​កើនឡើង។ ប្រជាពលរដ្ឋពេញវ័យ​មិន​ចេះ​អក្សរថយចុះ។ សុខុមាលភាពប្រជាពលរដ្ឋត្រូវបាន លើកកម្ពស់។ កិច្ចការពារ និងការចូលរួម​របស់​ស្រ្តីត្រូវ បានលើកកម្ពស់។ អនាម័យ​សុខភាពរបស់ប្រជាពលរដ្ឋបានយកចិត្តទុកដាក់ (កាត់បន្ថយជំងឺផ្សេងៗ និង​បង្កើន​អនាម័យល្អ)។ ជីវភាពនៃក្រុមគោលដៅ(ជនងាយរងគ្រោះ ជនអនាថា​ កុមារកំព្រា​អតីតយុទ្ធជន និង​អតីត​មន្ត្រីរាជការ​) បានកើនឡើង។ ប្រជាពលរដ្ឋមានចំណូលកើនឡើង។ ​សីលធម៌ វប្បធម៌ និងតម្លៃសង្គមត្រូវបាន​លើក​កម្ពស់។ ការយល់ដឹងពីតម្លៃសីលធម៌រស់នៅ​ល្អក្នុងសង្គម​​​​​​​​​​​​​​​​​​​​​បាន​បង្កើន។

-ការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ធនធានធម្មជាតិ បរិស្ថាន ​​ មានភាពប្រសើរជាងមុន​ ប្រកប​ដោយគុណភាព និងនិរន្តរភាព។ រីឯការគ្រប់គ្រងគ្រោះមហន្តរាយផ្សេងៗ និង​ការសំរបសំរួល​នឹងការ​ប្រែប្រួល​អាកាសធាតុ មានការត្រៀមលក្ខណៈបង្ការ និងការដោះស្រាយបានសមស្រប​តាមស្ថានភាពជាក់ស្តែង។

-ការងារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ  ប្រជាពលរដ្ឋទាំងអស់​រស់នៅក្នុងភាពសុខសាន្ដ និង​មានសុវត្ថិភាពល្អ ផលប៉ះពាល់ពីចោរកម្ម ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង ការប្រើប្រាស់គ្រឿង​ញៀន គ្រោះថ្នាក់ចរាចរ អំពើហឹង្សាក្នុងគ្រួសារ និងការ​រំលោភ​ច្បាប់នានា បានថយចុះក្នុងកំរិតទាប​បំផុត និងទទួលបាន ការផ្តល់​សេវា​សាធារណៈនានា​ទាន់ពេលវេលា សំខាន់​ការ​ចុះបញ្ជីអត្រានុកូលដ្ឋាន សៀវភៅគ្រួសារ ការផ្តល់អត្ត សញ្ញាណប័ណ្ណពលរដ្ឋខ្មែរ ។

យុទ្ធសាស្ត្រអភិវឌ្ឍន៍

  • ខេត្តយកចិត្តទុកក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈ ស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ ការផ្គត់ផ្គង់ថាមពល ជម្រុញនិងលើកកម្ពស់ការងារកសិកម្ម  ការចិញ្ចឹមសត្វ ទេសចរណ៍ សេវាកម្ម លើកទឹកចិត្ត និងទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគនៅក្នុងខេត្ត។
  • លើកកម្ពស់និងជម្រុញបន្ថែមការអប់រំ សេវាសុខាភិបាល លើកកម្ពស់ជីវភាពក្រុមគោលដៅនៃ​ជនងាយរងគ្រោះតាមរយៈការគាំទ្រយ៉ាងសកម្មនិងទាន់ពេលវេលា និងពង្រឹងការប្រតិបត្តិ ការការពារ និងលើកកម្ពស់មត៌កវប្បធម៌ ប្រពៃណីខ្មែរ និងសាសនា។
  •  
  • បង្កើនការយល់ដឹងអំពី​ច្បាប់ភូមិបាល ច្បាប់សាង​សង់​ ច្បាប់ព្រៃឈើ ច្បាប់ជលផល ច្បាប់បរិស្ថាន។ បង្កើនការបោះបង្គោលកំណត់ព្រំការចុះបញ្ជីដីរដ្ឋ ការចុះបញ្ជីដី(មានលក្ខណៈជាប្រព័ន្ធ​ និងដាច់ដោយដុំ) ការ​ផ្តល់​​ប័ណ្ណ​កម្មសិទ្ឋិដីធ្លី​ និងការប្រើប្រាស់ដីស្រប​តាម​​បច្ចេក​ទេសកសិក​ម្ម។ កាត់បន្ថយការ​ប្រើប្រាស់ថ្នាំពុល​ និងសារ​ធាតុពុលនានាដែលប៉ះពាល់បរិស្ថាន និងបង្កើនការ​ចិញ្ចឹមត្រីតាមគ្រួសារ។ ​​ទប់ស្កាត់ និងបង្រ្កាបបទ​ល្មើសព្រៃឈើ  សត្វព្រៃ  បទល្មើសនេសាទ បទល្មើសធ្វើអាជីវកម្មទាញយកផលពីធនធាន​ធម្មជាតិ។ ពង្រឹងការអនុវត្តច្បាប់ និង អធិការ​កិច្ចថ្នាំពុល ទប់ស្កាត់ការដុតសំណល់ជាតិពុល ដូចជាការដុត​កំទេច​ក្រណាត់ កង់កៅស៊ូ​​យានយន្ត និង សំណល់នានា នៅតាមរោងចក្រ និងសិប្បកម្មនានា ដែលនាំឲ្យបំពុលបរិយាកាស។ សិក្សាផលប៉ះពាល់​ មុន​នឹងបង្កើត ឬមុននឹងទាញ​យក​ផលពី​ធនធាន​ធម្មជាតិមកប្រើប្រាស់។ ពង្រឹងបណ្ដាញសហគមន៍ព្រៃឈើ និងដាំព្រៃ ឈើឡើងវិញ​ ព្រមទាំងកំណត់​ទីតាំងធ្វើអាជីវកម្ម​ធនធានធម្មជាតិឲ្យបានច្បាស់លាស់។ កំណត់ទីលានចាក់សំរាម កែច្នៃសំណល់ សាង​សង់​​​​​​ស្ថានីយ៍​ប្រព្រឹត្តិ​កម្ម​ទឹកសម្អុយទីប្រជុំជន កសាងប្រព័ន្ឋបង្ហូរទឹកសម្អុយ ដើម្បីកាត់បន្ថយ ភាពកខ្វក់។​បង្កើតសេវា​ប្រមូលសំរាមតាម​ទីប្រជុំជន (វិនិយោគឯកជន)។​ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ពីគ្រោះ​មហន្តរាយ និងផលប៉ះពាល់ពីគ្រោះមហន្តរាយ។ ជួសជុល និង​សាងសង់ប្រព័ន្ធរំដោះទឹក ទំនប់ស្ទាក់ទឹក ទំនប់ការពារទឹកជំនន់ និងដាំដើមឈើឡើងវិញ ។ បង្កើត និង​ពង្រឹងកិច្ចអន្តរាគមន៍​ឆ្លើយតប​គ្រោះមហន្តរាយ ទាំងមុនពេល ក្នុងពេល និងក្រោយពេលមាន​គ្រោះ​មហន្ត​រាយ។
  • ពង្រឹងរចនាសម្ព័ន្ធរដ្ឋបាលឯកភាព ដែលបានរៀបចំរួចហើយ ដោយបណ្តុះបណ្តាលធនធានមនុស្ស​ឲ្យ​ឆ្លើយតប​នឹង​ការ​បំពេញ​មុខងារ​ក្នុង​រចនាសម្ព័ន្ធថ្មីនេះ ។​​​ វិធានការលុបបំបាត់បទល្មើសនានា តាមការអនុវត្ត​គោល​នយាបាយភូមិឃុំ​មាន​សុវត្ថិ​ភាព ដោយធ្វើការរឹតបន្តឹងការអនុវត្តច្បាប់នានាឲ្យបានហ្មឺងម៉ាត់បំផុត។ ​វិធាន​​​ការ​គ្រប់គ្រងមនុស្សតាមរយៈការផ្តល់​សេវាអត្រានុកូលដ្ឋានកំណើត អាពាហ៍ពិពាហ៍ មរណភាព​ ការផ្តល់​​​​អត្ត​សញ្ញាណ ប័ណ្ណពលរដ្ឋខ្មែរ ត្រូវ​បាន​យកចិត្តទុកជាប់ជាប្រចាំ។​ ការលុបបំបាត់គ្រោះថ្នាក់ដោយគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរ។ ធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អជាមួយ​ខេត្ត​អាងយ៉ាង ខេត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយម​​​វៀត​ណាម ដើម្បីសន្តិសុខ ស្ថេរភាព សុវត្ថិភាព មិត្តភាព រក្សាស្ថាន ភាព​ដដែល និង​មាន​ការ​អភិវឌ្ឍន៍តាម​ព្រំដែន សំខាន់ការកំណត់ខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនទៅតាម កិច្ចព្រមព្រៀង​របស់រដ្ឋា​ភិបាលប្រទេសទាំងពីរ( កម្ពុជា វៀតណាម) ។

បទយកការណ៏សង្ខេប